អង្គការ World Vision ៖ ប្រជាជនជាង ៣ម៉ឺននាក់នៅព្រះវិហារទទួលបានចំណេះដឹងសុខភាពសហគមន៍

ថ្ងៃអង្គារ៍ ទី២៩ ខែសីហា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 357
1

ព្រះវិហារ - គំនិតផ្តួចផ្តើមកម្មវិធីផ្លាស់ប្រែលើកកម្ពស់សុខភាព អាហារូបត្ថម្ភ ព្រមទាំងកម្មវិធីទឹកស្អាត និងអនាម័យ (WASH) បានអនុវត្តនៅខេត្តព្រះវិហារ អស់រយៈពេល ១៨ឆ្នាំរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (World Vision) បានបញ្ចប់បេសកកម្មជាផ្លូវការនៅថ្ងៃទី២៩ ខែសីហានេះ ដោយបន្សល់ទុកសមិទ្ធផលចំណេះដឹងជាច្រើនសម្រាប់ប្រជាសហគមន៍ និងអ្នកដឹកនាំមូលដ្ឋាន ។ ប្រជាជនប្រមាណជាង ៣ម៉ឺនប្រាំពាន់នាក់បានទទួលផលពីកម្មវិធីអប់រំសុខភាពសហគមន៍នេះ ។

 

តាមរយៈលទ្ធផលគម្រោងនានារបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានជួយឱ្យគាំពារសុខភាពកុមារចំនួន ១៤០១១នាក់ស្ថិតក្នុងចំណោមប្រជាពលរដ្ឋទទួលផលសរុបចំនួន ៣៥២៨៥ នាក់នៅភូមិចំនួន ២៥នៅទូទាំងឃុំចំនួន៤ នៃស្រុកត្បែងមានជ័យ និងសង្កាត់ចំនួន២ នៃក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ជាមួយគ្នានេះ កង្វះអាហារូបត្ថម្ភកុមារនៅក្នុងខេត្តព្រះវិហារបានកាត់បន្ថយជាវិជ្ជមាន បើធៀននឹងអត្រាប្រេវ៉ាឡង់នៃកុមារដែលខ្វះអាហារូបត្ថម្ភខ្ពស់ជាងគេកាលពីឆ្នាំ២០១៤ (CDHS 2014) ។

 

 

លោក សុខ រដ្ឋា ប្រធានមណ្ឌលសុខភាពភូមិសន្តិភាព ស្ថិតនៅឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បាននិយាយថា តាមរយៈភាពជាដៃគូជាមួយអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិដែលបានទទួលការបណ្តុះបណ្តាលពីអង្គការទស្សនៈពិភពលោក សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើឱ្យបញ្ហាកុមារកង្វះអាហារូបត្ថម្ភកុមារថយចុះជាលំដាប់ ខណៈប្រជាជនមានការយល់ដឹងច្រើនពីបញ្ហាសុខភាពគ្រួសារ ។

 

ការស្ទង់មតិដំណាក់កាលចុងក្រោយរបស់អង្គការទស្សនៈពិភពលោក ឆ្នាំ២០២២-២០២៣ ភាគរយនៃគ្រួសារដែលមានទឹកស្អាតពេញមួយឆ្នាំប្រើប្រាស់ បានកើនឡើងយ៉ាងខ្លាំងពី ៤៨% ដល់ ៧៩% ខណៈដែលវត្តមានបង្គន់ប្រើប្រាស់ក្នុងគ្រួសារបានហក់ឡើងពី២% ទៅ ៨៦% ។ បន្ថែមលើនេះ ភូមិចំនួន ១២ ក្នុងចំណោម ២៥ ភូមិ (៧ នៅស្រុកត្បែងមានជ័យ និង ៥ ក្នុងក្រុងព្រះវិហារ) បានប្រកាសថា ភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) 

 

សូមជម្រាបថា ការចូលរួមរបស់អង្គការទស្សនៈពិភពលោកនៅក្នុងស្រុកត្បែងមានជ័យ បានចាប់ផ្តើមជាមួយនឹងកម្មវិធីបោសសម្អាតមីន និងអភិវឌ្ឍន៍ដីកសិកម្មពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥ ។ ចាប់ពីឆ្នាំ២០០៥ អង្គការទស្សនៈពិភពលោក បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួនដោយផ្តោតទៅលើវិស័យអាទិភាពមួយចំនួន ដូចជា កម្មវិធីគាំទ្រសុខភាព អាហារូបត្ថម្ភ ព្រមទាំងទឹកស្អាត និងអនាម័យ (WASH) ក្នុងគោលបំណងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ម្តាយ និងកុមារ ៕

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង