បច្ចុប្បន្នមនុស្សប្រមាណជាង ២ពាន់លាននាក់កំពុងរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់
ទីក្រុងញ៉ូយ៉ក - ថ្ងៃទី២២ ខែមីនា គឺជា “ទិវាទឹកពិភពលោក” ដែលគ្រប់គ្នានិយាយពីទឹក ដោយសារទឹកជាប្រភពមិនអាចខ្វះបានសម្រាប់ជីវិត មនុស្ស សត្វ និង រុក្ខជាតិនៅលើភពផែនដី ។ អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា សព្វថ្ងៃធនធានទឹកកំពុងតែជួបស្ថានភាពកាន់តែហិនហោចជារៀងរាល់ឆ្នាំ ដែលតម្រូវឱ្យគ្រប់គ្នាចូលរួមថែរក្សា និងពិចារណាឱ្យបានល្អិតល្អន់រាល់ពេលប្រើប្រាស់ទឹក ។ ឆ្នាំនេះ អង្គការសហប្រជាជាតិបានរៀបចំសន្និសីទទឹកពិភពលោក ឬ The UN 2023 Water Conference នៅទីស្នាក់ការរបស់ខ្លួនក្នុងទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក ដោយមានថ្នាក់ដឹកនាំប្រទេស ព្រមទាំងអ្នកជំនាញដឹកនាំការងារពាក់ព័ន្ធនឹងវិស័យទឹកប្រមាណជាង ៦ពាន់នាក់ចូលរួមចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។
របាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីធនធានទឹកបានចេញផ្សាយនៅថ្ងៃទី២២ ខែមីនា បានឱ្យដឹងថា សព្វថ្ងៃយ៉ាងហោចណាស់មានមនុស្សចំនួនមួយភាគបួននៃចំនួនប្រជាជនពិភពលោក ឬស្មើប្រមាណជាង ២៣០០លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅប្រឈមនឹងការប្រើប្រាស់ទឹកដោយលំបាក និងមិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ។
ទន្ទឹមគ្នានេះ ពាក់កណ្តាលនៃមនុស្សជាតិ ៣,៦ពាន់លាននាក់កំពុងរស់នៅដោយគ្មានសុវត្ថិភាពអនាម័យ ហើយមនុស្សម្នាក់ក្នុងចំណោមបីនាក់ ចំនួន ២,៣ពាន់លាននាក់ខ្វះមូលដ្ឋានកន្លែងលាងដៃនៅផ្ទះ។ ជាមួយគ្នានេះ មានតែ ១ក្នុងចំណោម ៨០ភាគរយនៃសំណល់ទឹកបញ្ចេញពីការប្រើប្រាស់បានកែលម្អ និងកែច្នៃប្រើប្រាស់ឡើងវិញ ។ បន្ថែមលើនេះ គ្រោះរាំងស្ងួត ជំងឺរាតត្បាតជាសកល គ្រោះមហន្តរាយផ្សេងៗ កំពុងគំរាមកំហែងដល់ប្រភពទឹក និងខូចខាតសេដ្ឋកិច្ចជិត ៧០០ ពាន់លានដុល្លារក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ពេលនេះដល់ពេលវេលាហើយដែលមនុស្សទាំងអស់ត្រូវរួមគ្នាសម្រេចចក្ខុវិស័យ និងប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតា ដើម្បីផ្លាស់ប្តូរសកម្មភាពជាវិជ្ជមានឆ្ពោះទៅរកអនាគតសុវត្ថិភាពទឹកប្រកបដោយនិរន្តរភាព សមភាព បរិយាប័ន្ន និងសម្រាប់ភពផែនដី ។ លទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ គឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានប្រសាសន៍បញ្ជាក់ ៖ “ទឹកនិយាយអំពីសន្តិភាព ។ ទឹកនិយាយអំពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការគាំទ្រប្រព័ន្ធស្បៀងអាហារ និងការបង្កើតការងារ និងវិបុលភាព ។ ទឹកនិយាយអំពីសិទ្ធិមនុស្ស និងសមភាពយេនឌ័រ។ ទាំងនេះហើយជាមូលហេតុដែលទឹកត្រូវចាត់ទុកជាចំណុចស្នូលនៃរបៀបវារៈនយោបាយពិភពលោក។”
យ៉ាងណាក៏ដោយតាមរយៈវេទិកាទឹកពិភពលោកខាងលើនេះ អង្គការសហប្រជាជាតិជឿជាក់ថា ទឹកជាភ្នាក់ងារដ៏សំខាន់ចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ឆ្នាំ២០៣០ ព្រមទាំងជួយទ្រទ្រង់សុខភាព និងគុណភាពជីវិតមនុស្សនិងផែនដី ។ ការប្រើប្រាស់ទឹកដោយមានគោលដៅច្បាស់លាស់ ប្រើប្រាស់ដោយសន្សំសំចៃជាគោលការណ៍មួយដែលមនុស្សគ្រប់គ្នាត្រូវអនុវត្តន៍ឱ្យខាងតែបាន - ពិចារណាដល់ទឹកមួយដំណកដែលអ្នកប្រើប្រាស់ អ្នកនឹងចូលររួមគិតដល់ទឹកសម្រាប់មនុស្សជាតិ ។
សូមជម្រាបថា ប្រសិនបើមនុស្សមិនទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ និងទទួលទាន នោះហានិភ័យសុខភាពនឹងកើតឡើងចំពោះមនុស្សគ្រប់រូប ដូចជា ប្រឈមនឹងជម្ងឺដង្កាត់ច្រើន ដូចជា ជំងឺកង្វះជាតិទឹក, ជំងឺអាសន្នរោគ, ជំងឺក្រិន, ជំងឺស្វិត ដៃជើង និងជំងឺផ្សេងៗជាច្រើនទៀត ។ កង្វះទឹកស្អាតស្ត្រីនិងកុមារងាយនឹងរងគ្រោះសុខភាពបំផុត ពិសេសជនងាយរងគ្រោះនៅក្នុងសង្គមដូចជា មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ និងជនមានពិការភាពជាដើម ។