បណ្តាញព័ត៌មាន AMS កំពុងក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានទំនើប និងមានសក្តានុពលទូលំទូលាយពីកម្ពុជា

ថ្ងៃសុក្រ ទី២៩ ខែមិនា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 52
1

ភ្នំពេញ - ឈរលើទស្សនវិស័យប្រែក្លាយខ្លួនជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានដ៏មានសក្តានុពលនៅកម្ពុជា បណ្តាញព័ត៌មាន APSARA MEDIA SERVICES (AMS) មានមហិច្ឆតាបង្ហាញមាតិកាព័ត៌មានដ៏ទូលំទូលាយ សំបូរបែប និងមានគុណប្រយោជន៍សម្រាប់សាធារណជន ដោយផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងប្រទេស និងពិភពលោក ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន AMS បានបង្កើតមជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំដោយទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកទេសផ្សាយផ្ទាល់ រៀបចំតាមស្តង់ដារបច្ចេកវិទ្យា Full-HD និងអាចផលិតជារូបភាព 4K ដែលមានសក្តានុពលខ្ពស់ក្នុងការលើកកម្ពស់អាជីវកម្មនៅកម្ពុជាឱ្យទាន់និន្នានៃការរីកចម្រើនបច្ចេកវិទ្យាជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក ។ 

 

នេះបើតាមប្រសាសន៍របស់លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអប្សរា មេឌាសីវីស (APSARA MEDIA SERVICES) នៅក្នុងកម្មវិធីសម្ពោធប្រើប្រាស់ការិយាល័យព័ត៌មានថ្មីរបស់ក្រុមហ៊ុន AMS ជាផ្លូវការ នៅថ្ងៃសុក្រ ទី២៩ ខែមីនានេះ ។ ជាមួយគ្នានេះដែរ រយៈពេលបីឆ្នាំចុងក្រោយ ដោយគិតមកដល់ដើមឆ្នាំ២០២៤ បណ្តាញព័ត៌មាន AMS បានកែទម្រង់លើមធ្យោបាយផ្សព្វផ្សាយរបស់ខ្លួនតាមប្រព័ន្ធចម្រុះ ទាំងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល ។ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងបណ្តាញព័ត៌មាន AMS ទាំងអស់កំពុងអភិវឌ្ឍន៍ខ្លួនទៅតាមបរិបទសង្គមសម័យទំនើប និងកំពុងទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីសាធារណជន ។

 

 

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអប្សរា មេឌាសីវីស មានប្រសាសន៍បន្តថា អស់រយៈពេល ៣០ឆ្នាំមកហើយ រាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្តរួមចំណែកជាមួយប្រជាជនកម្ពុជាក្នុងផ្សព្វផ្សាយមាតិការព័ត៌មានអប់រំ ព័ត៌មានកម្សាន្ត និងព័ត៌មានកីឡាយ៉ាងទូលំទូលាយ ដូចជាវិទ្យុ FM97 MHz និង FM99 MHz ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ (TV11) ។ ពេលនេះក្រុមហ៊ុនអប្សរា មេឌាសីវីស បានប្រែក្លាយប្រព័ន្ធផ្សាយទូរទស្សន៍ពីគុណភាពរូប SD មក Full-HD និងកំពុងទំនើបកម្មឌីជីថលថ្មីៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

 

លោកជំទាវ ឌិត នីតា បានបញ្ជាក់ថា ក្រុមហ៊ុនអប្សរា មេឌាសីវីស បានបង្កើតប្រព័ន្ធផ្សព្វផ្សាយទំនើបតាមបែបឌីជីថលឈ្មោះថា AMS កាលពីឆ្នាំ២០២០ ។ បណ្តាញផ្សព្វផ្សាយ AMS បានកសាងឡើងដោយបំពាក់នូវសម្ភារៈបច្ចេកទេសស្របតាមបរិបទឌីជីថល និងគោលគំនិតនវានុវត្តន៍ ដូចនៅតាមបណ្តាប្រទេសជឿនលឿននានាលើសកលលោក ដើម្បីបំពេញតាមតម្រូវការរសជាតិថ្មីដល់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន ។

 

ស្របគ្នានេះដែរ រយៈពេលបីឆ្នាំចុងក្រោយនេះ បណ្តាញព័ត៌មាន AMS បានក្លាយជាដៃគូផ្សព្វផ្សាយដ៏ចម្បងសម្រាប់កិច្ចសហការផ្សព្វផ្សាយ ផលិកម្មវិធី ឬរៀបចំព្រឹត្តិការណ៍ធំៗ ជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងវិស័យឯកជននានា ។ បណ្តាញព័ត៌មាន AMS កំពុងផ្ដោតសំខាន់លើការផលិតមាតិកាព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធឌីជីថល រួមមាន បណ្ដាញព័ត៌មានអប់រំ (AMS Education), បណ្ដាញព័ត៌មានសេដ្ឋកិច្ច (AMS Economy), បណ្ដាញព័ត៌មានអរិយធម៌ខ្មែរ (AMS Khmer Civilization), បណ្ដាញព័ត៌មានកីឡា (AMS Sports), បណ្ដាញព័ត៌មានកម្សាន្ត (AMS Infotainment), និងបណ្ដាញព័ត៌មានខ្លីខ្លឹមខ្លាំង (AMS One Minute)  

 

បន្ថែមលើនេះ បណ្តាញព័ត៌មាន AMS បានបង្កើតកម្មវិធីព័ត៌មានពិសេសជាច្រើនទៀត ដូចជា កម្មវិធី AMS Politico 360, កម្មវិធី AMS សច្ចធម៌ប្រវត្តិសាស្ត្រ, និងកម្មវិធីកម្ពុជាមាតុភូមិខ្ញុំជាដើម ។ បណ្តាញព័ត៌មាន AMS ក៏បានសហការជាមួយបណ្តាញទូរទស្សន៍ឌីជីថល ទូរទស្សន៍ផ្កាយរណប ទូរទស្សន៍ខ្សែកាបនៅរាជធានីភ្នំពេញ និងទូរទស្សន៍នៅបណ្តាខេត្តមួយចំនួនក្នុងស្រុក ដើម្បីពង្រីកសក្តានុពលនៃការផ្សព្វផ្សាយកាន់តែធំទូលាយ ។ លើសពីនេះ AMS ក៏បានការសហការផ្លាស់ប្តូរព័ត៌មានជាមួយវិទ្យុ និងទូរទស្សន៍បរទេសមួយចំនួនផងដែរ ដូចជា វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន តាមរយៈវិទ្យុមិត្តភាពកម្ពុជា-ចិន (CCFR) វិទ្យុបារាំងអន្តរជាតិ (Rfi) រួមទាំងស្ថាប័នផលិតកម្មល្បីៗ និងក្រុមផលិតមាតិកាដែលមានប្រជាប្រិយភាព (Influencers) ជាដើម។

 

សូមជម្រាបថា ក្រុមហ៊ុនអប្សរា មេឌាសីវីស បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យព័ត៌មានថ្មីរបស់ខ្លួន រួមជាមួយពិធីអបអរសាទរខួប ៣០ឆ្នាំរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងខួប០៣ ឆ្នាំរបស់បណ្តាញព័ត៌មាន AMS ។ រយៈពេលជាង ៣០ឆ្នាំកន្លងទៅ ក្រុមហ៊ុនអប្សរាព័ត៌មាន បានខិតខំបំពេញការងារអាទិភាព និងកំណែទម្រង់ស៊ីជម្រៅលើកិច្ចការជាច្រើន ដើម្បីធានាដំណើរការផ្សព្វផ្សាយ និងការផ្សព្វផ្សាយប្រកបដោយនិរន្តរភាពក្នុងទីផ្សារសោតទស្សន៍នៅកម្ពុជា ។ ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ត្រូវបានបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៩៤ បន្ទាប់ពីប្រទេសកម្ពុជាបានដំណើរការបោះឆ្នោតសកលលើកដំបូង ដែលរៀបចំដោយអ៊ុនតាក់ក្នុងឆ្នាំ១៩៩៣ ៕

 

 

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង