អ្នកជំនាញ ៖ ការត្រួតពិនិត្យសុខភាពសត្វជាប្រចាំ រួមចំណែកជួយធានាសុវត្ថិភាពចំណីអាហារនៅកម្ពុជា


ភ្នំពេញ - អ្នកជំនាញផ្នែកសុខភាពសត្វ បានចាត់ទុកថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ ។ ទន្ទឹមគ្នានេះ អ្នកជំនាញបានជំរុញឱ្យអ្នកចិញ្ចឹមសត្វផ្តោតការការត្រួតពិនិត្យ និងតាមដានសុខភាពសត្វជាប្រចាំ ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យសត្វ និងធានាសន្តិសុខស្បៀងនៅកម្ពុជាផងដែរ ។
លោក ផង់ ពិសិដ្ឋ អ្នកជំនាញផ្នែកសុខភាពសត្វប្រចាំក្រុមហ៊ុន CP នៅកម្ពុជា បានឱ្យដឹងថា កន្លងមកការចិញ្ចឹមសត្វនៅកម្ពុជាបានជួបប្រទះបញ្ហានូវជំងឺជាច្រើន ទាំងនេះមកពីកង្វះការយល់ដឹងផ្នែកសុខភាពសត្វ បច្ចេកទេសចិញ្ចឹមសត្វឱ្យបានច្បាស់លាស់ និងយល់ពីប្រព័ន្ធជីវភាពសុខភាពរបស់សត្វផងដែរ។
បទពិសោធន៍ធ្វើការជាមួយក្រុមហ៊ុន CP អស់រយៈពេលជិតប្រាំបីឆ្នាំមកនេះ លោកបានឱ្យដឹងថា រៀងរាល់បីម្តង លោកតែងយកឈាម សំណាក់របស់សត្វមាន់មកពីនិត្យ និងតាមដានមើលអង់ទីកររបស់សត្វ ។ លោកថា សកម្មភាពទាំងនេះ គឺធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីជំងឺរបស់មាន់ រិះរកថ្នាំព្យាបាលសត្វបានទាន់ពេល ជួយផ្តល់ប្រឹក្សាពីដំណោះស្រាយបញ្ហាជំងឺសត្វទៅកាន់បណ្តារកសិដ្ឋាន ជួយជំរុញគ្រួសារកសិករបង្កើនកសិដ្ឋានចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ ពិសេសធានាបាននូវសុវត្ថិភាពស្បៀងថែមទៀត ។
អ្នកបច្ចេកទេសសត្វរូបនេះ បានឱ្យដឹងទៀតថា បញ្ហាប្រឈមរបស់លោកដែលជួបប្រទះក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ឃើញថាកសិករមួយចំនួននៅតែមិនទាន់យល់ច្បាស់ពីបច្ចេកទេសចិញ្ចឹមសត្វ ជាហេតុធ្វើឱ្យពួកគាត់ពិបាកទទួលយកបច្ចេកទេសថ្មីៗ ខណៈកសិករមួយចំនួននៅតែចិញ្ចឹមសត្វបែបលក្ខណៈប្រពៃណីនៅឡើយ។
អ្នកជំនាញរូបនេះ បានបន្តដូច្នេះថា ៖ “ខ្ញុំចង់ជំរុញឱ្យកសិករងាកមកចិញ្ចឹមសត្វដែលមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីឱ្យសត្វមានសុវត្ថិភាព និងចៀសផុតពីជំងឺកាច់សាហាវ មួយវិញខ្ញុំចង់ឱ្យកសិករ ចេះត្រួតពិនិត្យសុខភាពសត្វជាប្រចាំ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋខ្មែរបានបរិភោគសាច់សត្វដែលសុវត្ថិភាព សាច់ដែលគ្មានកាក់សំណល់ថ្នាំពុល សត្វដែលមានបាតេរីភាពសុំាថ្នាំនៅក្នុងខ្លួនផងដែរ”។
ជុំវិញវិស័យចិញ្ចឹមសត្វនៅកម្ពុជានេះដែរ កាលពីចុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខិតខំប្រឹងប្រែងជំរុញវិស័យនេះឱ្យមានការរីកចម្រើន ប៉ុន្តែក៏ជួបបញ្ហាលំបាកមានដូចជា ការប្រឈមនឹងការឆ្លងរាលដាលនៃជំងឺថ្មីៗដែលប៉ះពាល់ដល់ផលិតកម្មសត្វចិញ្ចឹម និងទីផ្សារ ព្រមទាំងចំនួនធនធានមនុស្សជំនាញនៅមានកម្រិត ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងទៀតថា ដើម្បីជំរុញវិស័យចិញ្ចឹមសត្វនៅកម្ពុជា ក្រសួងកសិកម្មនឹងខិតខំគៀងគរវិនិយោគិនឯកជន និងលើកសំណើគម្រោងវិនិយោគសម្រាប់ការវិនិយោគលើសេវាកម្មគាំទ្រ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងជួយជាទុនក្នុងការពង្រីកនិងពង្រឹងផលិតកម្មសត្វរបស់វិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍកសិដ្ឋាន និងសហគ្រាសកែច្នៃផលិតផលសត្វសម្រាប់នាំចេញផងដែរ ។
គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងវិស័យសត្វចិញ្ចឹមនេះ កន្លងមកសាធារណៈរដ្ឋប្រជាមានិតចិន បានគាំទ្រដល់ការងារលើកកម្ពស់ការចិញ្ចឹមសត្វ តាមរយៈគម្រោងនិងកិច្ចសហប្រតិបត្តិការនានា ក្នុងនោះមានកម្មវិធីឡជីវឧស្ម័ន អំណោយជាវ៉ាក់សាំងការពារ ជំងឺឆ្លងសត្វ និងកម្មវិធីបណ្តុះបណ្តាលជាច្រើន ។ នាពេលថ្មីៗនេះ ភាគីទាំងពីរគ្រោងអនុវត្តគម្រោងអាស៊ាន-ចិន ដែលនឹងសាងសង់មន្ទីរពិសោធន៍រោគវិនិច្ឆ័យជំងឺសត្វថ្នាក់ជាតិជូនអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា ៕
អត្ថបទ៖ សែម ពិសី

