ឆ្នាំ២០២៣ ប្រជាជនរាជធានីភ្នំពេញត្រូវការទឹកស្អាត ៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ
ភ្នំពេញ - រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ឆ្នាំ២០២៣ តម្រូវការទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញនឹងកើនដល់ ៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតទឹកស្អាតជាក់ស្តែងរបស់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ផលិតបានត្រឹម ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ។ កំណើនទឹកស្អាតប្រើប្រាស់នេះ មានន័យថា រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញខ្វះទឹកស្អាតចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ។ នេះបើផ្អែកតាមសេចក្តីជូនដំណឹងរបស់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ។
រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា បញ្ហាសម្ភាធទឹកខ្សោយភាគច្រើនកើតឡើងនៅក្នុងសង្កាត់ ៣១/១១៥ ជាយរាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្នោ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូលសង្កាត់ចោមចៅ១, ២, និង៣, សង្កាត់កាកាប១, និង២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ស្ទឹងមានជ័យ១, ២ និង៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំសង្កាត់ព្រែកថ្មី, និងសង្កាត់ក្បាលកោះ ។
សេចក្តីជូនដំណឹងរបស់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងទៀតថា ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល, ក្រសួងអាណាព្យាល, ក្រុមប្រឹក្សាភិបាល, បានយល់អំពីសភាពការណ៍ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្ររដ្ឋករទឹកស្វយ័តក្រុងភ្នំពេញយ៉ាងពេញទំហឹងក្នុងការផ្តល់ទុនវិនិយោគ ដើម្បីឱ្យរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញមានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត ១ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកជាជំហានៗ ឱ្យខាងតែបានចាប់ពីឆមាសទី១ ឆ្នាំ២០២៣ ។
សូមជម្រាបថា រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមជឿជាក់ថា នៅដើមខែឧសភាឆ្នាំ២០២៣ រោងចក្រផលិតទឹកស្អាតថ្មីនឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ (ស្មើនឹង ៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) ឬស្មើនឹង ៩០%នៃតម្រូវការទឹកសរុប ។ ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញនឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលធ្វើឱ្យសមត្ថភាពសរុបរបស់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ៕