ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៣០លានដុល្លារអនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង
ភ្នំពេញ - ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទំហំទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង ។ ពិធីនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជា ។
តំណាងភាគីជប៉ុន គឺឯកឧត្តម TAKEI Shunsuke រដ្ឋលេខាធិការ នៃក្រសួងការបរទេសជប៉ុន ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តធ្វើកិច្ចការរួមគ្នាឱ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀត ។ ក្រសួងការបរទេសជប៉ុន បានសម្តែងការពេញចិត្តចំពោះកំណត់ត្រាដ៏ល្អប្រសើរនៃចំណងទាក់ទងទ្វេភាគី រួមទាំង ភាពជាដៃគូទ្វេភាគី ដែលបានលើកកម្ពស់បន្ថែមទៀតទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅក្នុងឆ្នាំនេះ ៕