អ្នកស្រី វ៉ែន គឹមយ៉េង ៖ ដំណាំផ្ទះសំណាញ់ជាប្រភពអាហារូបត្ថម្ភ និងចំណូលប្រចាំថ្ងៃសម្រាប់គ្រួសារខ្ញុំ

ថ្ងៃពុធ ទី១០ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 26
1

កំពង់ធំ - ផ្ទះសំណាញ់មានបណ្ដោយ ២៥ម៉ែត្រ ទទឹង ១០ម៉ែត្រ និងកម្ពស់ ៥ម៉េត្រ បានសាងសង់ឡើងនៅលើផ្ទៃដីរាបស្មើ ស្ថិតនៅចំហៀងខាងត្បូងផ្ទះ ។ ខាងក្រៅជុំវិញផ្ទះសំណាញ់មានដាំស្លឹកគ្រៃ និងដើមឈើហូបផ្លែជាច្រើន រួមមាន ដើមស្វាយ ដើមដូង ចេកណាំវ៉ា ខ្មុរ និងល្ហុងខ្លះៗ ។ នេះគឺជាទិដ្ឋភាពដំណាំនៅក្បែរផ្ទះសំណាញ់របស់គ្រួសារ អ្នកស្រី វ៉ែន គឹមយ៉េង ស្ថិតនៅភូមិនាងល្អ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។ អ្នកស្រី វ៉ែន គឹមយ៉េង បានប្រាប់ថា ផ្ទះសំណាញ់នេះអ្នកស្រីពីអង្គការ ហេឡែន ខេលល័រ អន្តរជាតិកម្ពុជា គាំទ្រមូលនិធិដោយគម្រោង MUSEFO នៃអង្គការ GIZ ក្រោមគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ

 

 

បន្ទាប់ពីអនុវត្តការងារដាំដុះបន្លែក្នុងផ្ទះសំណាញ់រយៈពេលជាង ៥ខែកន្លងទៅ ផ្ទះសំណាញ់បានក្លាយជាប្រភពផ្គត់ផ្គង់បន្លែក្នុងគ្រួសារ និងជាប្រភពរកចំណូលប្រចាំថ្ងៃទទួលបានពីការលក់បន្លែ ។ បន្លែក្នុងផ្ទះសំណាញ់របស់អ្នកស្រី វ៉ែន គឹមយ៉េង មានស្ពៃក្រញាញ់ និងជីវ៉ាន់ស៊ុុយ ហើយជាទូទៅអ្នកស្រីអាចរកប្រាក់បានចន្លោះពី ៥ម៉ឺនរៀល ទៅ ៦ម៉ឺនរៀលក្នុងមួយថ្ងៃពីរបរដាំបន្លែនេះ។ បន្លែក្នុងផ្ទះសំណាញ់មានគុណភាពល្អ ដាំដុះតាមបែបធម្មជាតិ ហើយជារៀលរាល់ថ្ងៃបន្លែមួយចំណែកបានចែករំលែកដល់អ្នកភូមិនាងល្អទាំងមូល (លក់ផង និងចែកផងដល់អ្នកភូមិ)

 

អ្នកស្រី វ៉ែន គឹមយ៉េង បានបង្ហាញពីការងារដាំបន្លែរបស់គ្រួសារអ្នកស្រីថា ៖ខ្ញុំចង់បានផ្ទះសំណាញ់ហ្នឹងយូរហើយ ព្រោះវាល្អជួយដល់ការដាំដុះ តែកន្លងទៅខ្ញុំគ្មានលទ្ធភាពធ្វើវា ! បានគុណអង្គការ ហេឡែន ខេលល័រ អន្តរជាតិកម្ពុជា សង់ឱ្យខ្ញុំអីចឹង ខ្ញុំឃើញថា លទ្ធផលដាំដុះបានទទួលផលលើសពីការរំពឹងទុករបស់ខ្ញុំ ! ដាំក្នុងផ្ទះសំណាញ់នេះស្រួលណាស់ ទាំងប្តីទាំងប្រពន្ធបញ្ចេញពលកម្មជួយដល់សុខភាពផង និងមានបន្លែទុកគ្រាន់ហូបផង ហើយចែកដល់អ្នកភូមិផង ខ្ញុំសប្បាយចិត្តមែនទែន !” 

 

អ្នកស្រី វ៉ែន គឹមយ៉េង បាននិយាយថា ការដាំដុះបន្លែក្នុងផ្ទះសំណាញ់មានភាពងាយស្រួលជាងការដាំដុះដំណាំខាងក្រៅផ្ទះសំណាញ់ ឬដាំដុះបន្លែតាមធម្មតា ។ ការដាំដុះដំណាំក្នុងផ្ទះសំណាញ់ងាយស្រួលគ្រប់គ្រងគុណភាពបន្លែ ។ កសិករវ័យ ៥៦ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំណេញទឹកស្រោចស្រព សីតុណ្ហភាពល្អ ចំណេញពេលវេលាថែទាំ ងាយស្រួលគ្រប់គ្រងជី មិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អ ព្រមទាំងការពារមិនឱ្យសត្វចិញ្ចឹមរំខានដំណាំបន្លែ ។ គុណសម្បត្តិមួយទៀត គឺប្រភេទបន្លែស្លឹកដាំក្នុងផ្ទះសំណាញ់លូតលាស់លឿនល្អ និងរក្សាទុកបានយូរថ្ងៃបន្ទាប់ពីកាត់រួច ព្រមទាំងមានជីវជាតិគ្រប់គ្រាន់ជួយដល់សុខភាពអ្នកប្រើប្រាស់ ។

 

 

បើនិយាយពីស្ពៃក្រញាញ់តែមួយមុខ អាចធ្វើម្ហូបបានច្រើនមុខ អាចធ្វើអន្លកស្រស់ជាមួយបន្លែផ្សេងៗ ឆាស្ពៃ ស្ងោរស្ពៃជាដើម ។ ស្ពៃក្រញាញ់ជាប្រភេទរុក្ខជាតិបន្លែស្លឹក ដែលជួយទ្រទ្រង់ដល់មុខងារជាច្រើនក្នុងរាងកាយរបស់មនុស្ស ហើយគេបានចាត់បន្លែស្លឺកនេះ ជាក្រុមបន្លែក្នុងអាហារការពាររាងកាយ ដែលផ្តល់ឱ្យនូវវីតាមីន និងរ៉ែខនិជ សំខាន់ៗជាច្រើន ជួយការពាររាងកាយប្រឆាំងទប់ទល់នឹងការបង្ករោគផ្សេងៗ ។ អាហារទាំងនេះរួមមាន បន្លែស្លឹកពណ៌បៃតងចាស់ រួមមាន ត្រកួន ស្លឹកបាស ផ្ទី ស្លឹកងប់ ស្ពៃខ្មៅ ស្ពែក្រញាញ់ ស្លឹកល្ពៅ ។ល។ រីឯបន្លែ ឬផ្លែឈើមានពណ៌លឿងទុំ ដូចជា ផ្កាល្ពៅ ផ្លែល្ពៅ ដំឡូងជ្វាពណ៌លឿងទុំ ផ្លែស្វាយទុំ ល្ហុងទុំ ត្នោតទុំ... និងផ្លែឈើនិងបន្លែផ្សេងៗទៀត រួមមាន ផ្លែចេក ផ្លែប៉ោម ឪឡឹក ត្របែក ត្រសក់ ស្វាយខ្ចី សាលាដ៍ និងផ្លែប័រ  ព្រមទាំងស៊ុត សាច់មាន់ ត្រី ឈាមសត្វ ថ្លើមសត្វ និងទឹកដោះម្តាយជាដើម ។

 

ខ្ញុំសុំសំណូមពរបងប្អូនប្រជាពលរដ្ឋយើងគួរដាំបន្លែជាលក្ខណៈគ្រួសារឱ្យបានច្រើន ព្រោះបន្លែនេះសំខាន់ណាស់សម្រាប់សុខភាព និងផ្តល់អាហារូបត្ថម្ភក្នុងគ្រួសារ ! ប្រសិនបើបងប្អូនមិនទាន់មានលទ្ធភាពសង់ផ្ទះសំណាញ់ តែសូមដាំបន្លែតាមបែបធម្មតា ហើយព្យាយាមសង់ដំបូល ឬរបងការងារសត្វចិញ្ចឹមឱ្យបានល្អ ព្រោះបន្លែជួយដល់ម្ហូបអាហារផង ហើយមួយផ្នែកអាចលក់ដូរបានផង ។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី វ៉ែន គឹមយ៉េង កសិករដាំបន្លែស្លឹកក្នុងផ្ទះសំណាញ់នៅភូមិនាងល្អ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ៕

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង