អ្នកសារព័ត៌មានឆ្នើម ០៩រូបទទួលរង្វាន់លើកទឹកចិត្តពីការប្រកួតផ្សព្វផ្សាយចំណេះដឹងអាហារូបត្ថម្ភនៅកម្ពុជា


ភ្នំពេញ - អ្នកសារព័ត៌មានមកពីចម្រុះស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាចំនួន ០៩រូប បានទទួលរង្វាន់លើកទឹកចិត្តអំពីការងារសរសេរចងក្រង និងផ្សព្វផ្សាយអត្ថបទព័ត៌មានទៅកាន់សាធារណជន ស្តីពីចំណេះដឹងអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ សន្តិសុខស្បៀង ទឹកស្អាតនិងអនាម័យ ព្រមទាំងរបបអាហារសុខភាពដល់សាធារជន មានចំនួនជាង ៦០០អត្ថបទព័ត៌មានដែលផ្សព្វផ្សាយក្នុងរយៈពេល ៧ខែចុងក្រោយនៃឆ្នាំ២០២២ ។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ និងលោក ហ៊ូ ក្រើន នាយកអង្គការហេឡែន ខេល័រអន្តរជាតិកម្ពុជា ថតរូបជាមួយអ្នកសារព័ត៌មានជ័យលាភីលេខ១ ទាំងបីរូប ថ្ងៃទី២២ វិច្ឆិកា ២០២២ ។
អ្នកសារព័ត៌មានទាំង ០៩រូប មានអ្នកសារព័ត៌មាន ០៣រូបទទួលបានជ័យលាភីលេខ១, អ្នកសារព័ត៌៎មាន ០៣រូបទទួលជ័យលាភីលេខ២, អ្នកសារព័ត៌មាន ០៣រូបទទួលបានជ័យលាភីលេខ៣, ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត ទទួលបានរង្វាន់លើកទឹកចិត្តពីកម្មវិធីប្រកួតប្រជែងអត្ថបទសារព័ត៌មានអាហារូបត្ថម្ភ ។ សម្រាប់ជ័យលាភីលេខ១ ដល់លេខ៣ ទទួលបានរង្វាន់កាំម៉េរ៉ាថតរូបម្នាក់ ០១គ្រឿង ។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រកួតអត្ថបទព័ត៌មានអាហារូបត្ថម្ភ សម្រាប់អ្នកសារព័ត៌មានជុំទី២ រៀបចំឡើងដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មាន ដែលប្រមូលចងក្រង និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងចំណេះដឹងអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ និងជុំវិញព័ត៌មានសន្តិសុខស្បៀងដល់ប្រជាជនកម្ពុជា ។
ឯកឧត្តម សុខ ស៊ីឡូ ៖ “អ្នកសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានអំពីចំណេះដឹងអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ ព្រមទាំងប្រព័ន្ធស្បៀងសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីផ្តល់ការអប់រំលើបញ្ហាសុខភាពសាធារណៈ និងចូលរួមអភិវឌ្ឍន៍សង្គម ។ ទន្ទឹមគ្នានេះ អ្នកសារព័ត៌មានត្រូវពង្រឹងបន្ថែមទៀតលើគុណភាពអត្ថបទព័ត៌មាន ដែលជាប្រយោជន៍សម្រាប់ប្រជាជន និងធ្វើឱ្យព័ត៌មានផ្សព្វផ្សាយកាន់តែជាក់លាក់” ។

សូមជម្រាបថា កម្មវិធីប្រកួតប្រជែងផ្សព្វផ្សាយអត្ថបទសារព័ត៌មាន “អ្នកសារជើងឯកអាហារូបត្ថម្ភ” ជុំទី២ រៀបចំដោយអង្គការហេឡែន ខេលល័រ អន្តរជាតិ កម្ពុជា ។ កម្មវិធីនេះ ទទួលបានការគាំទ្រពីគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO) នៃអង្គការ GIZ, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ, ក្រសួងសុខាភិបាល, ក្រសួងព័ត៌មាន, ក្រសួងពាណិជ្ជកម្ម, និងក្រសួងផែនការ ។
សម្រាប់ការប្រកួតប្រជែងអត្ថបទសារព័ត៌មានជើងឯកអាហារូបត្ថម្ភជុំទី៣ នឹងផុតកំណត់ទទួលអត្ថបទនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ អ្នកសារព័ត៌មានដែលមានបំណងចូលរួមត្រូវចុះឈ្មោះ និងទទួលព័ត៌មានបន្ថែមពីតំណាងអ្នករៀបចំកម្មវិធីជាមុន រួមមាន ក្រុមការងារទំនាក់ទំនងអង្គការហេឡែន ខេលល័រ អន្តរជាតិ កម្ពុជា និងតំណាងអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ៕

