២០ឆ្នាំចុងក្រោយកង្វះមីក្រូសារជាតិនៅតែជាបញ្ហាសុខភាពស្ត្រីមានផ្ទៃពោះកម្ពុជា

ថ្ងៃសុក្រ ទី០៥ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 28
1

ភ្នំពេញ - រយៈពេលពីរទសវត្ស ឬ ២០ឆ្នាំចុងក្រោយនេះ ទោះបីកង្វះជីវជាតិ A ត្រូវបានកាត់បន្ថយជាអតិបរមាគួរឱ្យកត់សម្គាល់ ក៏បញ្ហាកង្វះមីក្រូសារជាតិមួយចំនួនទៀតនៅតែជាបញ្ហាសុខភាពសាធារណៈនៅកម្ពុជា ។ ផ្អែកលើលទ្ធផលនៃការអង្កេតថ្នាក់ជាតិកន្លងមកបានឱ្យដឹងថា ស្ត្រីចំនួន ៦២% និងកុមារ ៦៤% មានបញ្ហាកង្វះជាតិស័ង្កសី ។ កង្វះជាតិហ្វូលេតក៏នៅតែជាបញ្ហាដែលប៉ះពាល់ដល់ស្ត្រី ១៨% ។ កង្វះជីវជាតិ D ក៏ជាបញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ ដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា ៣១% 

 

នេះបើតាមប្រសាសន៍លើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា ។

 

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះ នាថ្ងៃសុក្រ ទី៥ ខែមេសានេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា លទ្ធផលការអង្កេតថ្នាក់ជាតិកន្លងមកបានឱ្យដឹងទៀតថា ស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូតនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារឡើយ ។ កង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថាស្ថិតនៅកម្រិតដែលមានបញ្ហាផងដែរ ។

 

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី ប្រធានគណ:កម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា បានបន្តលើកឡើងថា ទោះបីជាអត្រានៃភាពស្លេកស្លាំងខ្ពស់ក្នុងចំណោមស្ត្រីកម្ពុជា ក្នុងនោះសង្កេតឃើញថា មានស្ត្រីតែ ៣% ប៉ុណ្ណោះមានបញ្ហាខ្វះជាតិដែក ហើយជាង ៦០% ទៀតមានបញ្ហាអេម៉ូក្លូប៊ីនមិនប្រក្រតី ឬបញ្ហាស៊ែន (genetic) ។ ទាំងអស់នេះសរបញ្ជាក់ច្បាស់ថា ស្រ្តីកម្ពុជាត្រូវការមីក្រូសារជាតិមួយចំនួនផ្សេងទៀត ដូចជា ជាតិស័ង្កសី ជាតិហ្វូលេត ជាតិអ៊ីយ៉ូត ជីវជាតិ D ជីវជាតិ B1 ជាដើមក្រៅពីជាតិដែក ។  

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី ៖ស្ត្រីក្នុងវ័យបន្តពូជជាច្រើននាក់នៅកម្ពុជាមានទម្លាប់បរិភោគអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាប់ទាំងមុនក៏ដូចជាក្នុងអំឡុងពេលមានផ្ទៃពោះ និងក្នុងពេលបំបៅដោះកូន ។ ស្ត្រីជាច្រើននាក់បានយល់ដឹងពីអ្វីដែលស្ត្រីគួរធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជាបរិភោគអាហារដែលនាំមកនូវសុខភាពល្អ ប៉ុន្តែពួកគេពុំបានដឹងច្បាស់ថាប្រភេទអាហារណាខ្លះដែលសម្បូរសារជាតិចិញ្ចឹម បរិមាណអាហារប៉ុន្មានត្រូវបរិភោគដែលនាំឱ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អ  និងពុំបានដឹងពីសារៈសំខាន់នៃការឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះ។” 

 

តាមការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី អ្នកជំនាញសុខាភិបាល បានឱ្យដឹងថា កត្តាដែលបណ្តាលឱ្យស្ត្រីកម្ពុជាស្ថិតនៅក្នុងវ័យបន្តពូជកង្វះមីក្រូសារជាតិសម្រាប់ទ្រទ្រង់សុខភាព អាចកើតមានឡើងដោយសារតែស្ត្រីទាំងនោះពុំបានទទួលការផ្ដល់ប្រឹក្សាអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ ហើយនេះជាមូលហេតុចម្បងមួយដែលធ្វើឱ្យពួកគេមានបញ្ហាកង្វះមីក្រូសារជាតិ ដែលទាមទារការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះ ។     

 

សម្រាប់ដំណោះស្រាយវិញ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី បានបង្ហាញថា ការពង្រឹកលទ្ធភាពផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះ អាចជួយឱ្យសុខភាពពស្រ្តីបានល្អប្រសើរ ហើយទារកនិងកុមារមានសុខភាពល្អ ។ គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះមានអត្ថប្រយោជន៍ច្រើនជាអតិបរិមា បើប្រៀបធៀបជាមួយគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក ។ 

 

អត្ថប្រយោជន៍គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ រួមមាន ១. គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះមានវីតាមីន និងជាតិរ៉ែ ១៥មុខ ដែលស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃត្រូវការចាំបាច់ រីឯគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិកវិញមានតែជាតិដែក និងអាស៊ីតហ្វូលិកតែប៉ុណ្ណោះ ។ ២. គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះអាចជួយកាត់បន្ថយអត្រាទារកកើតមកមិនគ្រប់ទម្ងន់បានចំនួន១៣% ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក ។ សម្រាប់ម្តាយដែលមានបញ្ហាស្លេកស្លាំងវិញ គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ អាចជួយកាត់បន្ថយអត្រាទារកកើតមកមិនគ្រប់ទម្ងន់បានចំនួន ១៩% ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក ។ 

 

សម្រាប់ម្តាយដែលមាន BMI ទាបវិញ គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ អាចជួយកាត់បន្ថយអត្រាកូនកើតមុនអាយុ បានចំនួន ១៦% ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក ។  ចំណែកទី ៣គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះអាចជួយកាត់បន្ថយអត្រាស្លាប់ក្នុងចំណោមកុមារអាយុ៦ខែដែលម្តាយមានបញ្ហាកង្វះអាហារូបត្ថម្ភបានរហូតដល់២៩%ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលីក។ ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ច្រើនអនេកនេះ ទើបអង្គការសុខភាពពិភពលោកបានបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ ទៅក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួននៅឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យប្រទេសនានាអាចបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ ក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួនដែរ។  

 

គួរបញ្ជាក់ថា ការសិក្សាររបស់សុខាភិបាល និងដៃគូពាក់ព័ន្ធជាមួយស្ត្រីមានផ្ទៃពោះជាង ១,៥០០នាក់នៅខេត្តកំពង់ធំ បានបង្ហាញថា ការលេបថ្នាំមីក្រូសារជាតិចម្រុះចំនួន ១៨០គ្រាប់មានអត្រារហូតដល់ ៩៥% គឺខ្ពស់ជាងការលេបថ្នាំជាតិដែកអាស៊ីតហ្វូលិកចំនួនត្រឹមតែ ៩០គ្រាប់ ដែលមានអត្រា ៩១%

 

ក្រសួងសុខាភិបាល និងគណ:កម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា កំពុងបង្ហាញវត្តមានភស្តុតាងរឹងមាំ ដើម្បីរៀបចំផែនការណ៍សកម្មភាពជំហានបន្ទាប់ក្នុងដំណើរការផ្លាស់ប្តូរពីការប្រើប្រាស់គ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក មកការប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះវិញនៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ៕

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង