ខេត្តចំនួន ១៣ស្ថិតនៅក្នុងផែនទីបង្ហាញផ្លូវភ្ជិតតម្លាតភាពស្គមស្គាំងរបស់កុមារកម្ពុជា


សៀមរាប - ផែនទីបង្ហាញផ្លូវភ្ជិតតម្លាតនៃភាពស្គមស្គាំងរបស់កុមារនៅកម្ពុជា បានកំណត់យកខេត្តចំនួន១៣ ជាតំបន់អាទិភាពភូមិសាស្ត្រសម្រាប់សកម្មភាពការងារកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ ។ ខេត្តទាំងនោះ រួមមាន កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ ស្ទឹងត្រែង ពោធិ៍សាត់ សៀមរាប តាកែវ និងឧត្តរមានជ័យ ។ ទន្ទឹមគ្នានេះ ខេត្តពង្រឹងកិច្ចអន្តរាគមន៍ដំណាក់កាលទីមួយ ដោះស្រាយបញ្ហាស្គមស្គាំងរបស់កុមារ មានខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ។
នេះបើតាមខ្លឹមសារសិក្ខាសាលាស្តីពី “ការធ្វើការរួមគ្នាបំពេញកង្វះខាតលើផែនការសកម្មភាពសកល ដើម្បីកាត់បន្ថយភាពស្គមស្គាំងរបស់កុមារនៅថ្នាក់ក្រោមជាតិ” ធ្វើឡើងនៅសណ្ឋាគារអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
ឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ។ ការអភិវឌ្ឍទីក្រុង ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលប្រជាសាស្ត្រ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជាផ្លាស់ប្ដូររបៀបរស់នៅ និងការហូបចុក ។
ឯកឧត្តម សំ សារ៉ាត បានបន្តថា ការផ្លាស់ប្ដូរ បំរែបំរួលទម្លាប់បុគ្គល និងសង្គម កំពុងមានឥទ្ធិពលលើស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើការប្រយុទ្ធនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ហើយបញ្ហានេះ បានធ្វើឱ្យប្រជាជនប្រឈមនឹងបញ្ហាថ្មីៗ គំរាមកំហែងដល់សុខភាព និងសក្តានុពលនៃកំណើនសេដ្ឋកិច្ច ។
សូមជម្រាបថា តាមរយៈសិក្ខាសាលាខាងលើនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធជួយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ដើម្បីការឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ដែលឆ្លើយតបនឹងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខមាលភាពកុមារ ៕

