យុវជនឆ្នើមបីរូបទទួលរង្វាន់ប្រកួតវីដេអូខ្នាតខ្លីប្រធានបទអាហារល្អ សុខភាពល្អ


ភ្នំពេញ - អង្គការ Helen Keller អន្តរជាតិកម្ពុជា គាំទ្រថវិកាដោយគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ហៅកាត់ថា MUSEFO បានប្រគល់រង្វាន់លើកទឹកចិត្តដល់យុវជនឆ្នើមបីរូប ដែលទទួលជ័យលាភីពីការប្រកួតប្រជែងផលិតវីដេអូខ្នាតខ្លីលើប្រធានបទអាហារល្អ សុខភាពល្អ ។ កម្មវិធីនេះ បានរៀបចំឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ ដោយមានការចូលរួមពីឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ។
លទ្ធផលប្រកួតប្រជែងផលិតវីដេអូខ្នាតខ្លីលើប្រធានបទអាហារល្អ សុខភាពល្អ ជ័យលាភីលេខ១ បានទៅលោក ឃុន រ៉ាឌីវ័ន្ត, ជ័យលាភីលេខ២ បានទៅលើលោក ជា សម្ភស្ស, និងជ័យលាភីលេខ៣ បានទៅលើលោក ថៃ រដ្ឋា ។ កម្មវិធីប្រកួតប្រជែងនេះ មានបេក្ខជនចូលរួមរួមផលិតខ្សែវីដេអូខ្នាតខ្លីចំនួន ៣១វីដេអូ ។
គួររំលឹកថា គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ហៅកាត់ថា MUSEFO បានអនុវត្តឡើងនៅក្នុងខេត្តកំពង់ធំ និងកំពត ដោយ GIZ តាំងនាមឱ្យក្រសួងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសហព័ន្ធអាល្លឺម៉ង់ (ហៅកាត់ថា BMZ) ។
គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភបានអនុវត្តឡើងដោយមានកិច្ចសហការជាមួយក្រុមប្រឹក្សា ស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ (CARD) និងសម្ព័ន្ធសុខភាពកុមារនិងសុខភាពបន្តពូជ (RACHA) ក្នុងគោលបំណងរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភតាមគ្រួសារ និងគាំទ្រដល់ស្ត្រីនិងកុមារតូចឱ្យហូបអាហារសុខភាព ព្រមទាំងមានជីវជាតិគ្រប់គ្រាន់ ៕

