ឆ្នាំ២០២២ កុមារកម្ពុជាអាយុក្រោមប្រាំឆ្នាំ ២២ភាគរយមានស្ថានភាពក្រិសក្រិន


ភ្នំពេញ - ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា រយៈពេលពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាបានសម្រេចសមិទ្ធផលដ៏ច្រើនក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។ ទន្ទឹមគ្នានេះ បញ្ហាសុខុមាភាពកុមារកម្ពុជាដែលមានអាយុក្រោមប្រាំឆ្នាំ នៅតែជាកង្វល់រួមដែលតម្រូវឱ្យភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់បន្ថែម ។ ឯកឧត្តមមានប្រសាសន៍ដូច្នេះ នៅក្នុងវេទិកាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី៧៩ នាព្រឹកថ្ងៃពុធនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍បញ្ជាក់ថា យោងតាមស្ថិតិជាតិចុងក្រោយរបស់ក្រសួងផែនការក្នុងឆ្នាំ២០២១-២០២២ ស្តីពីការអង្កេតប្រជាសាស្រ្តនិងសុខភាពកម្ពុជា បានបង្ហាញថា ក្នុងចំណោមកុមារអាយុក្រោមប្រាំឆ្នាំចំនួន ២២ ភាគរយមានភាពក្រិសក្រិន, កុមារចំនួន ១៦ ភាគរយមានទម្ងន់មិនគ្រប់, និងកុមារចំនួន ៩.៨ ភាគរយមានភាពស្គមស្គាំង ។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបន្តថា ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់របស់ប្រជាពលរដ្ឋគ្រប់រូប ពិសេសម្រាប់កុមារអាយុក្រោមប្រាំឆ្នាំ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានសហការយ៉ាងជិតស្និទជាមួយក្រសួងស្ថាប័នពាក់ពន្ឋ័ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៏ សង្គមស៊ីវិល និងវិស័យឯកជន រៀបចំយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ។
ឯកឧត្តម សុខ ស៊ីឡូ មានប្រសាសន៍ ៖ “ការរៀបចំយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺ “បញ្ចប់ភាពស្រេកឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព”។
ស្របគ្នានេះ យុទ្ធសាស្រ្តជាតិខាងលើមានគោលបំណងកាត់បន្ថយអត្រាក្រិសក្រិន ទម្ងន់មិនគ្រប់ និងភាពស្គមស្គាំងរបស់កុមារអាយុក្រោមប្រាំឆ្នាំ និងកាត់បន្ថយការកើនឡើងនៃអត្រាលើសទម្ងន់ និងធាត់ជ្រុលរបស់កុមារអាយុក្រោមប្រាំឆ្នាំ និងស្រ្តីក្នុងវ័យបន្តពូជ ។ នេះបើតាមប្រសាសន៍លើកឡើងដោយឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
គួរបញ្ជាក់ថា ការប្រារព្ធវេទិកាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី៧៩ នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃពុធនេះ ជាវេទិការចែករំលែកបទពិសោធន៍ ចំណេះដឹង និងពិភាក្សាពីតួនាទីរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងតួអង្គពាក់ព័ន្ឋនានាដែលធ្វើការលើវិស័យសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ៕

