សុខភាពកុមារទន់ខ្សោយនឹងប៉ះពាល់យ៉ាងខ្លាំងដល់អនាគតមូលធនមនុស្សនៅក្នុងសង្គម


ភ្នំពេញ - លោកស្រីបណ្ឌិត វីល ផាកស៍ នាយិកាយូនីសេហ្វនៅកម្ពុជា មានប្រសាសន៍ថា ទោះបីជាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ខែដំបូងបន្ទាប់ពីសម្រាលមានអត្ថប្រយោជន៍ ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងយូនីសេហ្វយ៉ាងណាក្តី ក៏ប៉ុន្តែអាត្រានៃការអនុវត្តបានថយចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា (CDHS) បានបង្ហាញថា អត្រាបំបៅកូនដោយទឹកដោះតែមួយមុខគត់បានធ្លាក់ចុះពី៧៤% ក្នុងឆ្នាំ២០១០ មកនៅត្រឹម៦៥% ក្នុងឆ្នាំ២០១៤ និងបន្តធ្លាក់ចុះមកនៅត្រឹម៥០% នៅឆ្នាំ២០២១-២០២២ ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត វីល ផាកស៍ នាយិកាអង្គការយូនីសេហ្វប្រចាំកម្ពុជា នៅក្នុងកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តប្រកួតប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មានឆ្នើម ក្រោមប្រធានបទ “បង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ” នារសៀលថ្ងៃទី២១ ខែកញ្ញា នៅសណ្ឋាគាកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។
លោកស្រីបណ្ឌិត វីល ផាកស៍ នាយិកាយូនីសេហ្វកម្ពុជា បានកត់សម្គាល់ថា អត្រាបំបៅកូនដោយទឹកដោះតែមួយមុខគត់បានធ្លាក់ចុះនេះ អាចបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពស្ត្រីជាម្តាយ និងប៉ះពាល់ដល់ការចិញ្ចឹមទារក និងកុមារកម្ពុជា ។ កាលណាសុខភាពកុមារទន់ខ្សោយនោះប៉ះពាល់យ៉ាងខ្លាំងដល់អនាគតមូលធនមនុស្សនៅក្នុងសង្គម ។
ជាមួយគ្នានេះដែរ នាយិកាយូនីសេហ្វកម្ពុជាបានបញ្ជាក់បន្ថែមថា យោងតាមអង្គការសុខភាពពិភពលោក (WHO) និងយូនីសេហ្វ (UNICEF) ការបំបៅកូនដោយទឹកដោះម្តាយ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការទប់ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងធានាដល់ការលូតលាស់ និងការអភិវឌ្ឍប្រកបដោយសុខភាពល្អរបស់កុមារ ។
“ទឹកដោះម្តាយពោរពេញទៅដោយសារធាតុចិញ្ចឹម និងអង្គបដិប្រាណចាំបាច់ទាំងអស់ ដែលទារកត្រូវការ ដើម្បីការលូតលាស់របស់ទារក ។ ទឹកដោះម្តាយសំខាន់សម្រាប់សុខុមាលភាពរបស់ទារក ។ ការបំបៅកូនដោយទឹកដោះម្តាយ ក៏ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពរបស់ម្តាយ រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងមហារីកដៃស្បូនផងដែរ ។” នេះបើតាមលោកស្រីបណ្ឌិត វីល ផាកស៍ នាយិកាយូនីសេហ្វប្រចាំកម្ពុជា ។
ផ្អែកតាមការលើកឡើងរបស់លោកស្រីបណ្ឌិត វីល ផាកស៍ ការបង្កើតបរិយាកាសអំណោយផលល្អគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ ដែលអាចឱ្យម្តាយបំបៅដោះកូននៅគ្រប់ស្ថានភាពទាំងអស់ រាប់ចាប់ពីនៅមណ្ឌលសុខភាព រហូតដល់ផ្ទះ និងកន្លែងធ្វើការ គឺរបៀបដែលអាចធានាថា កុមារគ្រប់រូបទទួលបានការចាប់ផ្តើមដ៏ល្អបំផុតនៃជីវិតរបស់ពួកគេ ។

