អង្គការភ្លែនអន្តរជាតិបង្ហាញមូលហេតុជាក់លាក់ ៦ចំណុចជាដើមចមនៃបញ្ហាកង្វះអាហារូបត្ថម្ភកុមារកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 122
1

ភ្នំពេញ - អ្នកជំនាញលើកកម្ពស់អាហារូបត្ថម្ភនៃអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) បានបង្ហាញមូលហេតុចម្បងប្រាំមួយចំណុច ស្ដីពីស្ថានភាពកង្វះអាហាររូបត្ថម្ភនៅក្នុងប្រទេសកម្ពុជា ។ លោក យី គឹមថាន នាយករងប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់ថា តាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ស្ដីពីស្ថានភាពអាហារូបត្ថម្ភរបស់កុមារអាយុក្រោមប្រាំឆ្នាំ បានបង្ហាញថា អត្រាកុមារក្រិសក្រិនមានចំនួន ២២% អត្រាកុមារស្គមទាំងមានចំនួន ១០% និងអត្រាកុមារមានទម្ងន់ក្រោមស្តង់ដាមានចំនួន ១៦% ។ ការលើកឡើងរបស់លោកនៅក្នុងវេទិកាស្ដីពីភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភកុមារ សម្រាប់ជាជម្រើសក្នុងការបង្កើតគោលនយោបាយ នាថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមេសានេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ

 

ទន្ទឹមគ្នានេះ លោកយី គឹមថាន បានបញ្ជាក់បន្ថែមថា មូលហេតុសំខាន់ៗទាំងប្រាំមួយចំណុចដែលជាដើមចមនៃបញ្ហាកង្វះអាហាររូបត្ថម្ភនៅក្នុងប្រទេសកម្ពុជា បង្ហាញឡើងដោយអង្គការភ្លែនអន្តរជាតិកម្ពុជា រួមមាន ការផ្តល់អាហារមិនគ្រប់គ្រាន់, ការអនុវត្តអាហារូបត្ថម្ភរបស់ម្តាយ,លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យមានកម្រិត, បញ្ហាគម្លាត ឬចម្ងាយតំបន់ភូមិសាស្ត្រ, ជនជាតិដើមភាគតិច, និងការយល់ដឹង និងកម្រិតនៃការអប់រំ ។

. ការផ្តល់អាហារមិនគ្រប់គ្រាន់ ៖ កុមារមួយចំនួនមិនអាចទទួលទានបានពេញលេញស្របតាមរបបអាហារអប្បបរមាដែលអាចទទួលយកបាន (MAD) ប្រឈមមុខនឹងហានិភ័យខ្ពស់នៃការវិវត្តទៅរកកង្វះអាហារូបត្ថម្ភ ។

. ការអនុវត្តអាហារូបត្ថម្ភរបស់ម្តាយ ៖ កុមារដែលជាកូនៗ របស់ស្ត្រី ឬអ្នកថែទាំជាធម្មតាទទួលទានចំណីអាហារតិចជាង ៥ក្រុមក្នុងចំនោមអាហារ ១០ក្រុម ។ កុមារទាំងនេះទំនងជាប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ។ បន្ថែមលើនេះ កំឡុងពេលមានផ្ទៃពោះម្តាយមិនទទួលបានការពិនិត្យសុខភាពទៀងទាត់ និងទទួលទានអាហារកង្វះជីវជាតិ ។

. លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យមានកម្រិត ៖ កង្វះទឹកស្អាតប្រើប្រាស់ កង្វះបង្គន់អនាម័យ និងកន្លែងលាងដៃរួមចំណែកដល់ហានិភ័យនៃកង្វះអាហារូបត្ថម្ភ ។ កុមារអាចមានបញ្ហាស្គមស្គាំង និងកង្វះអាហារូបត្ថម្ភបណ្តាលមកពីការរស់នៅកង្វះអនាម័យ ។ ជំងឺមិនឆ្លងផ្សេងៗកើតឡើងដោយសារកង្វះអនាម័យដូចជា ជំងឺផ្លូវដង្ហើម ស្លេកស្លាំង ស្គមស្គាំង និងជំងឺដង្កូវព្រូនជាដើម ។

. តំបន់ភូមិសាស្ត្រ ៖ ផ្អែកលើការប្រៀបធៀបទីតាំងភូមិសាស្ត្រ កុមារដែលរស់នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង មានហានិភ័យខ្ពស់ដោយប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភខ្ពស់ជាងកុមាររស់នៅក្នុងខេត្តក្រចេះ ។

. សហគមន៍ជនជាតិភាគតិច ៖ កុមារដែលជនជាតិដើមភាគតិចមានហានិភ័យខ្ពស់ជុំវិញផលិតភាពទទួលបានអាហាររូបត្ថម្ភ ។ កន្លងទៅកុមារដែលកើតនៅក្នុងសហគមន៍ជនជាតិដើមភាគតិចមានបញ្ហាកង្វះអាហារូបត្ថម្ភ បើប្រៀបធៀបទៅនឹងកុមារ ជាជនជាតិខ្មែរដែលរស់នៅខេត្តផ្សេង ឬកុមារនៅតំបន់ផ្សេងៗ ។

. កង្វះការអប់រំ ៖ កូនរបស់ម្តាយ ឬអ្នកថែទាំដែលមានការអប់រំទាបមាន ដែលជាហានិភ័យខ្ពស់ក្នុងបញ្ហាកង្វះអាហារូបត្ថម្ភ ។ ការអប់រំនៅមានកម្រិតរបស់ម្ដាយឪពុកជាឧបសគ្គដ៏ចម្បងក្នុងការចិញ្ចឹមបីបាច់កុមារនិងផ្ដល់អាហារូបត្ថម្ភកុមារឱ្យបានគ្រប់គ្រាន់ ។

សូមជម្រាបថា តាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការភ្លែន អន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍នានាបានរកឃើញថា អត្រាកង្វះអាហារូបត្ថម្ភរបស់កុមារនៅតែជាកង្វល់មួយរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធត្រូវចូលរួមដោះស្រាយបន្ត ។ ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភកុមារ គឺជាអាទិភាពគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ ពិសេសចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរស់នៅតំបន់ជនបទ ៕

 

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង